អានតួអត្ថបទ
ឈូងសមុទ្រអូម៉ង់

ប្រេង​ឡើង​ថ្លៃ នៅក្រោយ​កប៉ាល់​ដឹកប្រេង ២គ្រឿង រង​ការវាយប្រហារ នៅ​ឈូង​សមុទ្រ អូម៉ង់

កប៉ាល់​ដឹកប្រេង ២គ្រឿង ដែល មួយជា​របស់​ក្រុមហ៊ុន ជប៉ុន និង​មួយគ្រឿង​ទៀត ជា​របស់​ក្រុមហ៊ុន​ន័រវែស បាន​រង​ការវាយប្រហារ នៅ​ក្នុង​ឈូងសមុទ្រ អូម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ដំណឹង​វាយប្រហារ​ធ្វើ​ឲ្យ​ផ្ទុះឆេះ​កប៉ាល់​ដឹកប្រេង នៅ​ឈូងសមុទ្រ អូម៉ង់ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ ឡើងថ្លៃ ភ្លាម ប្រមាណ ៤ភាគរយ ឬ ៦១,៧៤​ដុល្លារ ក្នុង​មួយបារីល នៅទីផ្សារ​ប្រេង​អន្តរជាតិ។ ការវាយប្រហារ​ដោយ​អាថ៌កំបាំង​ទៅលើ​កប៉ាល់ ដឹកប្រេង ជប៉ុន កើតឡើង នៅ​ចំ​ថ្ងៃ​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ កំពុងជួប​ពិភាក្សា ជាប្រវត្តិសាស្រ្ត​ជាមួយ​ប្រមុខដឹកនាំ សាសនា​អ៊ីរ៉ង់ ក្នុង​កិច្ចប្រឹងប្រែង បន្ថយភាពតានតឹង​រវាង​អាមេរិក និងអ៊ីរ៉ង់។ 

កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​ន័រវែស ដែល​រងការវាយប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មិថុនា ២០១៩
កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​ន័រវែស ដែល​រងការវាយប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មិថុនា ២០១៩ ©ISNA/Handout via REUTERS ATTENTION EDITORS -
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង​ទាំង​ពីរ​គ្រឿង​កើតមានឡើង​នៅ​ក្នុង​ឈូងសមុទ្រ អូម៉ង់ ដែល​ជា​ច្រកចេញចូល​ដ៏​សំខាន់​សម្រាប់​កប៉ាល់​ដឹកប្រេង ក្នុង​ពិភពលោក។ កន្លែង​ដែល​កប៉ាល់​ដឹកប្រេង​ទាំងពីរ រងការវាយប្រហារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថិតនៅ ក្នុង​ដែនទឹក​រវាង​ប្រទេស​អ៊ីរ៉ង់ ហើយ​និង​អេមីរ៉ា អារ៉ាប់ រួម។

យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មាន​អ៊ីរ៉ង់​Irna កប៉ាល់​ដឹកប្រេង របស់​ក្រុមហ៊ុន​ន័រវែស (Front Altair) ដែល​មាន​ទង់ជាតិ​កោះ Marshall ដែល​ដឹក​ប្រេង Ethanol ជាង​១សែន​តោន (១១១ ០០០) ចេញ ពី​ប្រទេស​កាតា សំដៅ​កោះតៃវ៉ាន់ បាន​ផ្ទុះឆេះ ដោយសារ​ការវាយប្រហារ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍។ នៅមួយម៉ោងក្រោយ ស្រាប់តែ​កប៉ាល់​ដឹកប្រេង​មួយទៀត ដែល​ជា​ក្រុមហ៊ុន​ជប៉ុន (ឈ្មោះ Kokoka Courageous) ដែល​ដឹក Methanol​ចេញពី​អារ៉ាប៊ី សាអូឌីត សំដៅ​ប្រទេស​សិង្ហបុរី រង​ការវាយប្រហារ​ដូចគ្នា។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង នៅថ្ងៃ​ព្រហស្បតិ៍ មិន​បានបណ្តាល​ឲ្យ​មាន​ប្រេងលេច​ចូលសមុទ្រ និង​ធ្វើ​ឲ្យ​មាន​អ្នករងរបួស​ទេ​ព្រោះ អ្នកធ្វើការ​ទាំង​៤៤​នាក់ របស់​កប៉ាល់​ដឹកប្រេង​ទាំងពីរ បាន​លោតចុះទឹក​ទាន់ពេលវេលា និង​ត្រូវ​បាន​ជួយ​សង្រ្គោះ ដោយ​កប៉ាល់​សង្រ្គោះអ៊ីរ៉ង់។

នៅពេល​ដែល​ការវាយប្រហារ​ទៅលើ​កប៉ាល់ ទាំងពីរ នៅ​តែ​អាថ៌កំបាំង គ្មានអ្នកចេញមុខ​ទទួល​ខុសត្រូវ រដ្ឋមន្រ្តី ការបរទេស​អ៊ីរ៉ង់ លោកម៉ូហាម៉េដ ហ្សាវ៉ា ហ្សារីហ្វ បាន​សំដែង​ការព្រួយបារម្ភ និង​សង្ស័យ​ពី​ចេតនា របស់​ឧក្រិដ្ឋជន ដែល​វាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេងជប៉ុន នៅចំពេល​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន កំពុង​ជួបពិភាក្សា​ជាប្រវត្តិសាស្រ្ត​ជាមួយ​ប្រមុខដឹកនាំសាសនា​អ៊ីរ៉ង់ នៅទីក្រុង​តេហេរ៉ង់។

នាវា​ចម្បាំង​ទី​៥​របស់​អាមេរិក​ដែល​មាន​វត្តមាន​នៅ​ឈូង​សមុទ្រ​ពែរ្ស បានអះអាង អាមេរិក​បាន​ទទួល​សញ្ញា​អាសន្ន​ពី​កប៉ាល់ ទាំងពីរ ដែល​បាន​លើកឡើង​ពី​ការវាយប្រហារ​ទៅលើ​កប៉ាល់​របស់ពួកគេ។

ដំណឹង​វាយប្រហារ​ធ្វើ​ឲ្យ​ផ្ទុះឆេះ​កប៉ាល់​ដឹកប្រេង នៅ​ឈូងសមុទ្រ អូម៉ង់ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ ឡើងថ្លៃ ភ្លាម ប្រមាណ ៤ភាគរយ ឬ ៦១,៧៤​ដុល្លារ ក្នុង​មួយបារីល នៅទីផ្សារ​ប្រេង​អន្តរជាតិ។

ការវាយប្រហារ​ទៅលើ​កប៉ាល់ ដឹកប្រេង នៅ​ឈូងសមុទ្រ​អូម៉ង់ កើតមាន​ឡើង​នៅតែ​១​ខែគត់ ក្រោយ​ដែល​កប៉ាល់​ដឹកប្រេង ៤គ្រឿង ដែល​២គ្រឿង​ជា​របស់​អារ៉ាប៊ី សាអូឌីត បាន​រងការវាយប្រហារ ដូចគ្នានេះដែរ នៅ​ឈូងសមុទ្រ​អូម៉ង់។ លទ្ធផល​ស៊ើបអង្កេត ដែល​អេមីរ៉ា អារ៉ាប់រួម បាន​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញថា កប៉ាល់​ដឹកប្រេង ទាំង​៤គ្រឿង ដែល​រងការវាយប្រហារ ដោយ​គ្រាប់មីន ដែល​អ្នកជំនាញ​ហែលទឹក​បំផុត បាន​ហែល យកទៅ បិទ​ជាប់​បាតកប៉ាល់។ របាយការណ៍​បាន​លើកឡើង​ពីវិច្ឆេតកម្ម រៀបចំ​ដោយ​រដ្ឋមួយ ប៉ុន្តែ មិន​បាន​សំដៅ​ឈ្មោះ​រដ្ឋនោះទេ។ យ៉ាងណាក៏ដោយ ទីប្រឹក្សា​សន្តិសុខ​អាមេរិក បាន​ទម្លាក់​កំហុស​រួចហើយ​លើ​អ៊ីរ៉ង់ ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារ​កប៉ាល់​ប្រេង កាលពី​១ខែមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ