អានតួអត្ថបទ
បារាំង-អ៊ីរ៉ាក់

បារាំង​ប្រកាស​ត្រៀមខ្លួន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​គ្រិស្តសាសនិក​ដែល​រត់​ភៀសខ្លួន​ពី​អ៊ីរ៉ាក់

បារាំង​បាន​ប្រកាស នៅថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​ត្រៀមខ្លួន​​សម្រួល​ដល់​ដំណើរការ​ផ្តល់​សិទ្ធិជ្រកកោន​ដល់​អ្នក​កាន់​សាសនា​គ្រិស្ត ដែល​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់។ គ្រិស្តសាសនិក​អ៊ីរ៉ាក់ ដែល​កំពុង​ទទួលរង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ពី​សំណាក់​ក្រុម​ជីហាត​ ក្រោយ​ពីពួកគេ​បាន​វាយលុក​ចូល​​​កាន់កាប់​ទឹកដី​មួយផ្នែក​ធំ នៅប៉ែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ខែមុន។

ស្រ្តី​គ្រិស្តសាសនិក​អ៊ីរ៉ាក់ ដែល​បាន​រត់ភៀសខ្លួន​ចេញ​ពី​ក្រុង Mosul ប៉ែក​ខាងជើង​អ៊ីរ៉ាក់ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​ក្រុម​ជីហាត
ស្រ្តី​គ្រិស្តសាសនិក​អ៊ីរ៉ាក់ ដែល​បាន​រត់ភៀសខ្លួន​ចេញ​ពី​ក្រុង Mosul ប៉ែក​ខាងជើង​អ៊ីរ៉ាក់ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​ក្រុម​ជីហាត REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​​រួម នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ​បារាំង​បាន​​ប្រកាស​ថា បារាំង​ត្រៀមខ្លួន​ផ្តល់​សិទ្ធិជ្រកកោន​ដល់​គ្រិស្តសាសនិក​អ៊ីរ៉ាក់​ណា ដែល​មាន​បំណង​​ចង់​ភៀសខ្លួ​ន​មក​រស់​នៅ​ក្នុង​ប្រទេស​បារាំង។ សេចក្តីប្រកាស​ព័ត៌មាន​រួម​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពីមាន​បាតុកម្ម​ជាបន្តបន្ទាប់​ នៅ​ទូទាំង​ប្រទេស​បារាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ភ្នែក​មើល​ឃើញ​ដល់​ទុក្ខវេទនា​របស់​គ្រិស្តសាសនិក​អ៊ីរ៉ាក់។

គួរបញ្ជាក់ថា នៅក្រោយ​ពេល​វាយលុក​ចូល​កាន់កាប់​តំបន់​ប៉ែក​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ កាល​ពីខែ​មុន ក្រុម​ជីហាត​អ៊ីរ៉ាក់​បាន​ដាក់​ជម្រើស​ ២ ដល់​គ្រិស្តសាសនិក​អ៊ីរ៉ាក់៖ ឬមួយ​ពួកគេ​ត្រូវ​ចូល​សាសនា​អ៊ីស្លាម ឬមួយ​ត្រូវ​ចាកចេញ​ពី​តំបន់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រ​ង​របស់​ពួក​ជីហាត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​សេចក្តីស្លាប់។ គ្រិស្តសាសនិក​អ៊ីរ៉ាក់​រាប់ពាន់​នាក់​​ក៏​បាន​ជ្រើសរើស​ការ​ភៀសខ្លួន​ ដោយ​​​មួយ​ចំនួន​ធំ បាន​នាំគ្នា​រត់​ទៅ​ជ្រកកោន​នៅ​ក្នុង​តំបន់​​ស្វយ័ត Kurdistan។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​មិនមាន​តួលេខ​ពិតប្រាកដ​បញ្ជាក់ អំពី​ចំនួន​គ្រិស្តសាសនិក ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះទេ។ តួលេខ​ចុងក្រោយ​ដែល​គេ​មាន គឺ​​កាល​ពី​មុន​ពេល​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ នៅ​ឆ្នាំ​២០០៣ ដែល​នៅពេលនោះ ចំនួន​ប្រជាជន​អ៊ីរ៉ាក់ កាន់គ្រិស្តសាសនា​មាន​ប្រមាណ​ជាង ១លាននាក់។

កាលពីសប្តាហ៍​មុន ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​​ក៏ធ្លាប់​​​បាន​​​​ថ្កោលទោស​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រិស្តសាសនិក​ និង​ក្រុម​ជនជាតិ​ភាគតិច​ផ្សេងទៀត ដោយ​ក្រុម​ជីហាត​អ៊ីរ៉ាក់​នេះដែរ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​ប្រទេស​ជា​សមាជិក​ទាំង ១៥ ក្រុមប្រឹក្សា​សន្តិសុខ​​បាន​ធ្វើការ​រំឭក​ដល់​ក្រុម​ជីហាត​អ៊ីរ៉ាក់​ថា “​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​​ជាលក្ខណៈ​ទូលំទូលាយ ឬ​ជា​​ប្រព័ន្ធ​ចំពោះ​ជនស៊ីវិល ដោយ​មក​ពី​ហេតុផល​ជាតិសាសន៍ ឬ​សាសនា​អាច​នឹង​ត្រូវ​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ