អានតួអត្ថបទ

អ៊ីរ៉ង់​នឹង​ទិញ​យន្តហោះ​អ៊ែរប៊ូស​១១៤គ្រឿង​ពេលទៅ​បំពេញ​ទស្សនកិច្ច​នៅ​បារាំង

មួយសប្តាហ៍ក្រោយ​ពី​ការ​ដកទណ្ឌកម្ម​អន្តរជាតិ អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យដឹង​ជា​បន្តបន្ទាប់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រៅប្រទេស ក្នុង​ទំហំទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់។ កាល​ពីថ្ងៃ​សៅរ៍ គឺ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ចិន ចំណែក​ឯ​ថ្ងៃ​អាទិត្យ​នេះ គឺ​ការ​ប្រកាស​ឲ្យដឹង​អំពី​គម្រោង​ទិញ​យន្តហោះ​អ៊ែរប៊ូស រហូតដល់​ទៅ ១១៤គ្រឿង។

យន្តហោះ​អ៊ែរប៊ូសធុន A380 នៅ​ក្នុង​អំឡុង​ពិព័រណ៍​យន្តហោះ​នៅ​ប៉ារីស
យន្តហោះ​អ៊ែរប៊ូសធុន A380 នៅ​ក្នុង​អំឡុង​ពិព័រណ៍​យន្តហោះ​នៅ​ប៉ារីស REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​ទិញ​យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​អ៊ែរប៊ូស ទាំង ១១៤គ្រឿង នឹង​ត្រូវចុះ​ហត្ថលេខា នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ ហាសាន់ រ៉ូហានី នៅ​ក្នុង​ប្រទេស​បារាំង នៅថ្ងៃ​ទី២៧មករា​ខាងមុខនេះ។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​របស់​អ៊ីរ៉ង់។ ទោះជាយ៉ាងណា អ៊ីរ៉ង់​មិនបាន​បញ្ជាក់​លម្អិត​ទេ អំពី​ម៉ូដែល​នៃ​យន្តហោះ​ដែល​ត្រូវ​ទិញ ហើយ​ក៏​មិន​ប្រាប់​ឲ្យដឹង​ដែរ អំពី​តម្លៃ​សរុប​នៃ​កិច្ចសន្យា​នេះ។

គួរបញ្ជាក់ថា លោក​ប្រធានាធិបតី​អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ជាលើកដំបូងបង្អស់ ទៅកាន់​តំបន់​អឺរ៉ុប នៅសប្តាហ៍ក្រោយ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​អ៊ីតាលី នៅថ្ងៃ​ចន្ទ មុននឹង​ទៅ​ប្រទេស​បារាំង នៅថ្ងៃ​ពុធ។ តាមការ​ពិត ដំណើរទស្សនកិច្ច​នៅ​បារាំង​នេះ​ត្រូវ​គ្រោង​ធ្វើ តាំង​ពី​ខែ​វិច្ឆិកា​ម៉្លេះ ក៏ប៉ុន្តែ ត្រូវ​លើកពេល​ទៅវិញ នៅ​ក្រោយ​ពីមាន​ភេរវកម្ម​នៅ​ប៉ារីស កាល​ពីថ្ងៃ​ទី១៣​វិច្ឆិកា។

ដំណើរទស្សនកិច្ច​របស់​លោក​ហាសាន់ រ៉ូហានី គឺ​ជា​និមិត្តរូប​ថ្មី​មួយទៀត នៃ​ការ​​បិទបញ្ចប់​ភាព​ឯកោ​ផ្នែក​ការទូត​របស់​អ៊ីរ៉ង់ ហើយ​​​សម្រាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ការ​ដកទណ្ឌកម្ម​អន្តរជាតិ​កំពុង​តែ​​​ធ្វើ​ឲ្យ​អ៊ីរ៉ង់​​ក្លាយ​ជា​ទីផ្សារប្រកប​ដោយ​សក្តានុពល សម្រាប់​ការ​នាំចេញ ក្នុងនោះ វិស័យ​អាកាសចរណ៍​ស៊ីវិល គឺ​ជា​វិស័យ​ដ៏​ចម្បងមួយ។

យោងតាម​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​អ៊ីរ៉ង់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ៊ីរ៉ង់​មាន​យន្តហោះ​ដឹកអ្នក​ដំណើរ​តែ ១៥០គ្រឿង​ប៉ុណ្ណោះ​ដែល​​នៅមាន​ដំណើរការ ប៉ុន្តែ​សុទ្ធតែ​ជា​យន្តហោះ​ចាស់ៗ​អស់ទៅហើយ។ ចំណែក​ឯ​តម្រូវការ​ពិតប្រាកដ​នៃ​វិស័យ​ដឹកជញ្ជូន​របស់​អ៊ីរ៉ង់ គឺ​ត្រូវការ​យន្តហោះ​រហូតដល់​ទៅ ៤០០គ្រឿង​ឯណោះ។

ដូច្នេះ កិច្ចសន្យា​ទិញ​យន្តហោះ​អ៊ែរប៊ូស​ចំនួន ១១៤គ្រឿង ដែល​អ៊ីរ៉ង់​គ្រោងចុះ​នៅ​សប្តាហ៍ក្រោយ​នេះ គ្រាន់តែ​ជា​ជំហាន​ដំបូងតែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បង្ហើប​ឲ្យដឹង​ថា ខ្លួន​ក៏​មាន​បំណង​ចង់​ចរចា​ទិញ​យន្តហោះ​ប៊ូអ៊ីង​ពី​សហរដ្ឋ​អាមេរិក​ផងដែរ ក៏ប៉ុន្តែ រហូតមក​ទល់​នឹង​ពេលនេះ​មិនទាន់​មាន​ការ​ចរចា​ណាមួយ​អាច​ចាប់ផ្តើម​ធ្វើ​​បាន​នៅឡើយទេ ដោយសារ​តែ​រដ្ឋាភិបាល​អាមេរិក​មិនទាន់​បើក​ភ្លើងខៀវ​ឲ្យ​ក្រុមហ៊ុន​ប៊ូអ៊ីង​ចរចា​ជាមួយក្រុមហ៊ុន​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ