អានតួអត្ថបទ
អ៊ីស្រាអែល

បោះឆ្នោតអ៊ីស្រាអែល​៖គូប្រជែង ២នាក់​របស់​លោក​នេតាន់យ៉ាហ៊ូ​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី៩ មេសា។ លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ជាប់​ជំពាក់វាក់វិន​នឹង​រឿងអាស្រូវ​ពុករលួយ និង​កំពុង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​បាន​ប្រកាស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​មុន​អាណត្តិ​នេះ។ តែ​លោក​ត្រូវ​ប្រកួតប្រជែង​ទល់​នឹង​បេក្ខជន​មក​ពី​គណបក្ស​ផ្សេង​ទៀត ពិសេស​សម្ព័ន្ធភាព​រវាង​គណបក្ស​ទើប​បង្កើត​ថ្មី​ដោយ​លោក​បេននី ហ្គង់ និង​គណបក្សកណ្តាលនិយម​របស់​លោក​យែរ ឡាពីដ។ យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​នៅ​តែ​ផ្តល់​ជោគជ័យ​ឲ្យ​គណបក្ស Likoud របស់​លោក​នេតាន់យ៉ាហ៊ូ។

លោកបេននី ហ្គង់ អតីត​មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល (រូបឆ្វេង) និង​​លោកយែរ ឡាពីដ អតីត​រដ្ឋមន្រ្តី​កសួង​ហិរញ្ញវត្ថុ​​ក្នុង​រដ្ឋាភិបាល​ទី៣ របស់​លោក​នេតាន់យ៉ាហ៊ូ
លោកបេននី ហ្គង់ អតីត​មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល (រូបឆ្វេង) និង​​លោកយែរ ឡាពីដ អតីត​រដ្ឋមន្រ្តី​កសួង​ហិរញ្ញវត្ថុ​​ក្នុង​រដ្ឋាភិបាល​ទី៣ របស់​លោក​នេតាន់យ៉ាហ៊ូ Reuters
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​លោក​នេតាន់យ៉ាហ៊ូ និង​គណបក្ស Likoud របស់​លោក​មាន​សំណាង​ច្រើន​នឹង​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​នា​ថ្ងៃ​ទី៩ មេសា​ខាង​មុខ​ក៏​ដោយ ក៏​ការ​ចង​សម្ព័នភាព​រវាង​គណបក្ស​របស់​លោក​បេននី ហ្គង់ និង​គណបក្ស​របស់​លោក​យែរ ឡាពីដ​កំពុង​ធ្វើ​លោក​នេតាន់យ៉ាហ៊ូ​បារម្ភ​តិច​ទេ។ បារម្ភ​ព្រោះ​លោក​បេននី ហ្គង់​ជា​អតីត​មេបញ្ជាការ​កងទ័ព ហើយ​លោក​យែរ ឡាពីដ​ធ្លាប់​ធ្វើ​រដ្ឋមន្រ្តី​កសួង​ហិរញ្ញវត្ថុ​ក្នុង​រដ្ឋាភិបាល​ទី៣ របស់​លោក​នេតាន់យ៉ាហ៊ូ។ ដូច្នេះ​សម្ព័ន្ធភាព​រវាង​លោក​បេននី ហ្គង់ និង​លោក​យែរ ឡាពីដ គឺ​ជា​ការ​ចែករំលែក​បទពិសោធន៍​យោធា និង​បទពិសោធន៍​នយោបាយ​រវាង​គ្នា។

តាម​ពិត​ទៅ តាំង​ពី​ថ្ងៃ​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដំបូង​មក​ម្ល៉េះ​ដែល​លោក​បេននី ហ្គង់ និង​លោក​យែរ ឡាពីដ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បញ្ជី​បោះឆ្នោត​រួម​គ្នា​តែ​មួយ តែ​ម្នាក់ៗ​បាន​រង់ចាំ​ការ​បោះ​ដៃ​ពី​ម្នាក់​ទៀត​ជា​មុន​សិន។ គឺ​ទើប​នៅ​យប់​ជ្រៅ​ក្នុង​ថ្ងៃ​ពុធ ទី២០ ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កុម្ភៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ជា​ផ្លូវការ។ តាម​កិច្ចព្រមព្រៀង និង​ក្នុង​ករណី​ដែល​ឈ្នះ​ឆ្នោត លោក​បេននី ហ្គង់ និង​លោក​យែរ ឡាពីដ​ចែក​គ្នា​កាន់​តំណែង​នាយករដ្ឋមន្រ្តី​រយៈពេល ២ឆ្នាំ​កន្លះ​ម្នាក់។ ចំណែក​សត្រូវ​រួម​របស់​សម្ព័ន្ធភាព​នេះ​មាន​តែ​មួយ គឺ​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​កាន់​តំណែង​តាំង​ពី ១០ឆ្នាំ និង​កំពុង​ជាប់​ជំពាក់វាក់វិន​នឹង​រឿងអាស្រូវ​ពុករលួយ។

រឿងអាស្រូវ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ​ទទួល​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង និង​ជា​ចំហ​នៅ​ផ្ទៃក្នុង​គណបក្ស​របស់​លោក។ ទន្ទឹម​គ្នា​នេះ លោក​ក៏​អាច​នឹង​រងការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​រដ្ឋអាជ្ញា តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សេចក្តីសម្រេច​របស់​រដ្ឋអាជ្ញា​នឹង​ធ្លាក់​មក​នៅ​មុន​ការ​បោះឆ្នោត ឬ​ក្រោយ​ការ​បោះឆ្នោត។ អ្វី​ដែល​គេ​ដឹង លោក​នេតាន់យ៉ាហ៊ូ​កំពុង​ព្យាយាម​ស្រោចស្រង់​គណបក្ស Likoud និង​ជីវិត​នយោបាយ​របស់​លោក​តាម​រយៈ​ការ​ងាក​ទៅ​សុំ​ការ​គាំទ្រ​ពី​គណបក្ស​តូចតាច​មាន​ទាំង​គណបក្ស​ជ្រុលនិយម​ផង។ បើ​លោក​នេតាន់យ៉ាហ៊ូ​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ នោះ​លោក​នឹង​ក្លាយ​ជា​ឥស្សរជន​ដែល​កាន់​តំណែង​នាយករដ្ឋមន្រ្តី​យូរ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​ប្រទេស​អ៊ីសា្រអែល ពោល​យូរ​ជាង​បិតា​ស្ថាបនិក​រដ្ឋអ៊ីស្រាអែល​លោក David Ben Gourion ដែល​កាន់​តំណែង​រយៈពេល ១៣ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ