អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ក្នុង​រយៈពេល​១២​ថ្ងៃ កងទ័ព​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង​៣០០​នាក់

ចាប់​តាំងពី​បើក​សមរភូមិ​ប្រយុទ្ធ​ជើងគោករបស់​​អ៊ីស្រាអែល ទៅក្នុង​តំបន់​ហ្កាហ្សា ចំនួន​​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​នៅក្នុង​ការវាយប្រហារ​​​បាន​កើន​ឡើង​​យ៉ាងលឿន​ដល់​៣១៦​នាក់ គិត​រហូត​មក​ដល់​ម៉ោងនេះ។ អ៊ីស្រាអែល​នៅ​តែ​មិនបង្អង់​ដៃ​វាយប្រហារ​ទៅលើ​តំបន់​ហ្កាហ្សា ដោយ​យកលេស​បំផ្លាញ​សំបុក​របស់​ក្រុម​ហាម៉ាស ​ដែល​អ៊ីស្រាអែល​ចោទ​ថា នៅតែ​បន្ត​បាញ់​គ្រាប់​រ៉ុកកែត​ចូល​ទៅក្នុង​ទឹកដី​អ៊ីស្រាអែល។ លោក​ប៉ាន គីម៉ូន អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​​ដើមបូព៌ា​នៅថ្ងៃ​សៅរ៍នេះដើម្បី​បង្ហាញ​សាមគ្គីភាព​របស់​លោក​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ 

សាច់ញាតិ​បី​កុមារ​អាយុ​៦​ឆ្នាំដែល​គ្រូពេទ្យ​បញ្ជាក់​ថា កុមារ​សម្លាប់​ដោយសារ​គ្រាប់​អ៊ីស្រាអែល
សាច់ញាតិ​បី​កុមារ​អាយុ​៦​ឆ្នាំដែល​គ្រូពេទ្យ​បញ្ជាក់​ថា កុមារ​សម្លាប់​ដោយសារ​គ្រាប់​អ៊ីស្រាអែល ©REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​ទស្សនកិច្ច​ជា​បន្ទាន់​នៅក្នុង​តំបន់​ដើម​បូព៌ា ដើ​ម្បី​ចូលរួម​រក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា តាម​រយៈ​ការបង្កើត​​បទឈប់បាញ់​មួយ។ ប៉ុន្តែ មន្រ្តី​ក្រោម​បង្គាប់​​មិន​រំពឹង​ថា លោក​នឹង​អាច​ធ្វើ​ដំណើរ​ចូល​ទៅក្នុង​តំបន់​ហ្កាហ្សា​ទេ។ តំបន់​ហ្កាហ្សា​ដែល​រហូត​មក​ដល់​ថ្ងៃ​សៅរ៍នេះ នៅ​តែ​កំពុង​រង​សន្ធឹក​វាយប្រហារ​ពី​​យន្តហោះ និង​ទ័ព​ជើងគោក​អ៊ីស្រាអែល។

 
កាលពី​ថ្ងៃសៅរ៍ សាកសព​ក្រុមគ្រួសារ​៥​នាក់​ត្រូវ​បាន​គេ​អូស​ចេញ​ពី​គំនរ​ផ្ទះ​ដែល​រលំបាក់ ដោយសារ​គ្រាប់ផ្លោង​របស់​ទាហាន​អ៊ីស្រាអែល។ បន្ទាប់មក មនុស្ស​ពីរនាក់ ដែល​ក្នុងនោះ មាន​កុមារ​អាយុ​៦ឆ្នាំ ​ត្រូវស្លាប់​នៅក្នុងការវាយប្រហារ​ជើង​អាកាស​របស់អ៊ីស្រាអែល។ តាម​មជ្ឈមណ្ឌល​ប៉ាឡេស្ទីន​ដើម្បី​សិទ្ធិមនុស្ស​ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​ហ្កាហ្សា ៨០​ភាគរយ​នៃ​ជនរងគ្រោះ​ ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល ជាជនស៊ីវិល ក្នុង​នោះ​មាន​កុមារ​ដែល​មាន​អាយុ​ពី​២ ទៅ ១៣​ឆ្នាំ។ ប្រតិបត្តិការ​វាយលុក​របស់​អ៊ីស្រាអែល​តាំង​ពី​ថ្ងៃ​ទី ៨​កក្កដា ក៏​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួស ជាង​២ពាន់​នាក់ និងជនភៀសខ្លួនជាង​៤ម៉ឺននាក់។

នៅថ្ងៃ​សុក្រម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីស្រាអែល​បាន​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ដើម្បី​លើក​ឡើង​ពី​កង្វល់​បារម្ភ​របស់​លោក​ទាក់ទង​នឹង​គ្រោះថ្នាក់ បាត់បង់​ជីវិត​របស់​ជនស៊ីវិល​ ស្លូតត្រង់ នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល។ ទាំង​លោកប្រធានាធិបតី​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ស៊ីវិល។

នៅ​ក្នុង​​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ថ្ងៃ​សុក្រ អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​បាន​ចោទគ្នា​ទៅវិញ ទៅមកថា ជាអ្នកបង្ក​អំពើ​ហិង្សា​មុន។ អ្នកតំណាង​ប៉ាឡេស្ទីន​បាន​លើក​ឡើង​​ពី​ឈ្មោះ​ជនរងគ្រោះស្លាប់​ក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ ដែល​នៅក្នុង​នោះ​ភាគច្រើន​ជា​កុមារ។ ចំណែក​ ភាគី​អ៊ីស្រាអែល​បានអះអាង​ថា គេ​មិន​បាន​សំដៅ​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ទេ ប៉ុន្តែ គេ​សំដៅ​សម្លាប់​ក្រុម​ហាម៉ាស។ អ៊ីស្រាអែល​បាន​ទាមទារ​ផងដែរ​ឲ្យ​លោក​ប្រមុខ​រដ្ឋ​ម៉ាមូដ អាបាស​ផ្តាច់ខ្លួន​ចេញ​រដ្ឋាភិបាល​សម្ព័ន្ធភាព​ដែល​លោក​អាបាស​ទើបបាន​បង្កើត​ជាមួយ​ក្រុម​ហាម៉ាស។ មន្រ្តី​ទូត​ជាច្រើន នៅក្រុម​ប្រឹក្សា​សន្តិសុខ មើល​ឃើញថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅក្នុង​ទឹកដី​ហ្កាហ្សា​អាច​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ជីវិត​រដ្ឋាភិបាល​សម្ព័ន្ធ​ភាព​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​មិន​ពេញចិត្ត គាំទ្រ​​តាំងពី​ដំបូងទីមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ