អានតួអត្ថបទ
ថាមពល

ប្រទេស​ផលិតប្រេង​អំពាវនាវ​ឱ្យធ្វើ​​វិនិយោគ ​ថាមពល​​គ្រប់ប្រភេទ

អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ បាន​ទទូច​សុំ​ឱ្យ​មាន​ការ​វិនិយោគថាមពល​គ្រប់ប្រភេទ​ទាំងអស់ រាប់​ទាំង​ថាមពល​ឥន្ធនៈ​។ សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​សន្និសីទ​អាកាសធាតុ​អន្តរជាតិCOP ២៧ និង​ចំ​ថ្ងៃ​ដែល​អង្គការ​ OPEP បាន​ចេញ​របាយការណ៍​បញ្ជាក់​អំពី​កំណើន​សេចក្តី​ត្រូវ​ការប្រេង​នៅ​លើ​​ពិភពលោក​រហូត​ទល់​នឹង​ឆ្នាំ​២០៣៥។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម អំពាវនាវ​ឱ្យ​ពិភពលោក​វិនិយោគ​ថាមពល​ផ្សេង​ទៀត​បន្ថែម​ពី​លើ​ថាមពលប្រេង​និង​ឧស្ម័ន
រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម អំពាវនាវ​ឱ្យ​ពិភពលោក​វិនិយោគ​ថាមពល​ផ្សេង​ទៀត​បន្ថែម​ពី​លើ​ថាមពលប្រេង​និង​ឧស្ម័ន AP - Kamran Jebreili
ផ្សាយពាណិជ្ជកម្ម

រង​ការ​រិះគន់​តាំងពីយូរ​ ថា​ឧស្សាហកម្ម​បូមប្រេង​និង​ឧស្ម័នបំពុល​បរិស្ថាន ហើយ​ទើប​ទទួល​ការ​រាប់​អាន​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​​​​ពី​ក្រុមបស្ចិមលោកដែល​ប្រឈម​នឹង​វិបត្តិថាមពល​ឡើង​ថ្លៃ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម​ បាន​ប្រកាស នៅក្នុង​ពិព័រណ៍​ប្រេង​អន្តរជាតិ​នៅអាប៊ូដាប៊ី​​ថា ពិភពលោក​ត្រូវ​ការរាល់​គ្រប់​​ដំណោះស្រាយ​ ដើម្បី​ ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​ថាមពល​។ ត្រូវ​​​វិនិយោគ​ថាមពល​ព្រះអាទិត្យ ថាមពលវាយោ និង​ថាមពលនុយក្លេអ៊ែរ​ ទន្ទឹម​គ្នាថាមពល​ប្រេង ឥន្ធនៈ​ ​ឧស្ម័ន​ទើប​បាន ព្រោះ​សន្តិសុខ​ថាមពល​គឺ​ជា​មូលដ្ឋាន​ភាព​ជឿន​លឿន​សេដ្ឋកិច្ច​ សង្គម​ និងអាកាសធាតុ​ ហើយ​សេចក្តី​ត្រូវការ​ផ្នែក​ថាមពល​នៅលើ​ពិភពលោក នឹង​កើន​ឡើង​៣០%​ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៥០។

បើ​តាម​Opep ដោយ​សារ​ប្រទេស​កំពុង​អភិវឌ្ឍ នៅអាហ្វ្រិក​ ​អាស៊ី និងឥណ្ឌា សេចក្តី​ត្រូវការ​ផ្នែក​ប្រេង​ នឹង​កើន​ឡើង​រហូត​ពី ៩៦,៦​លាន​ធុង​ប៉ារីលក្នុង​មួយ​ថ្ងៃ​ នៅ​ឆ្នាំ​២០២១​ ដល់១០៩,៥​លាន​ធុងក្នុង​មួយ​ថ្ងៃ​​​ឆ្នាំ​២០៣៥។ កំណើន​នឹង​មាន​រហូត​ដល់​​​១០៩,៨​លាន​ធុង​ ទើប​ចាំ​នឹង​វិញ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត រាជបុត្រ​ Abdelaziz ben Salmane បាន​ឱ្យ​ដឹង​ថា​ រាជាណាចក្រ​ប្រេង​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ទាំងពីរ មាន​គម្រោងអនាគត​​វិនិយោគ​ថាមពល​ចម្រុះ​​ ដើម្បី​​នឹង​អាច​មាន​​ប្រព័ន្ធ​ថាមពល​ ទំនើប ជាក់លាក់ មាន​និរន្តរភាព​និង​តម្លៃសមរម្យ។

ក្រៅ​អំពី​បង្ហាញ​ឆន្ទៈ​​វិនិយោគ​ថាម​ពល​គ្រប់​ប្រភេទ ប្រទេស​ជិតខាង​គ្នា​ទាំងពីរ ដែល​ជា​សមាជិក​អង្គការ​ក្រុមប្រទេស​អ្នកនាំ​ចេញ​ប្រេង​ បាន​ប្តេជ្ញា​សម្រេច​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័នកាបូនិក​ កំរិតសូន្យ នៅ​ឆ្នាំ​២០៥០ តែ​ក៏​នឹង​បង្កើន​សមត្ថភាព​ផលិត​ប្រេង​ឆៅ​ដែរ។ កាលពី​សប្តាហ៍​មុន​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ បាន​គូស​បញ្ជាក់​ថា​មាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ​ នៅ​ទីផ្សារ​ពិភពលោកដោយហេតុ​តែ​តម្លៃ ប្រេង​និង​ឧស្ម័ន​ឡើង​ខ្ពស់​ពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ