អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​បារាំង​​ត្រៀមបើក​​​​​​​​​កិច្ចប្រជុំ​​ប្រទេស​​គាំទ្រ​​ក្រុម​​ប្រឆាំង​​ស៊ីរី​​ ប្រទេស​​​​​ហូឡង់​​ស្នើ​​ស៊ើប​​​​អង្កេត​​​កប៉ាល់​​​ប្រេង​​​រុស្ស៊ី​​​​

រដ្ឋាភិបាល​បារាំង​បានប្រកាស​ថ្ងៃពុធ​នេះ ថានៅ​ដើម​ខែ​ធ្នូខាងមុខនេះ ​​បារាំង​នឹង​រៀបចំ​កិច្ចប្រជុំ​បណ្តា​ប្រទេស​​ដែល​គាំទ្រ​ក្រុមប្រឆាំង​ និន្នាការ​កណ្តាល​និយម​ស៊ីរី ដើម្បី​រក ដំណោះស្រាយ​ ​ចំពោះ​ស្ថានភាព​ដែល​កាន់តែ​​ដុនដាប​​​នៅ​​ស៊ីរី។ ខណៈ​ប្រជាជន​ស៊ីរី​ច្រើន​គ្រួសារ​​ព្យាយាម​គេច​ពី​តំបន់​អាឡិប​ ​តំណាងរាស្ត្រ​ប្រទេស​ហូឡង់ បាន​ស្នើ​អោយ​មាន​ការ​អង្កេត​ទៅលើ​កប៉ាល់​រុស្ស៊ី ដែល​ទំនង​ជា​បាន​ដឹកប្រេងកាត​ទៅអោយ​ស៊ីរី ក្នុង​ពេល​ថ្មីៗ នេះ។ 

ក្មេងតូច​ម្នាក់​ដើរ​ក្នុង​គំនរ​អគារ​បាក់បែក​ដោយសារ​ការទំលាក់​គ្រាប់បែក នៅ​អាឡិប​
ក្មេងតូច​ម្នាក់​ដើរ​ក្នុង​គំនរ​អគារ​បាក់បែក​ដោយសារ​ការទំលាក់​គ្រាប់បែក នៅ​អាឡិប​ REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ស៊ីរី​ជាង​១០០គ្រួសារ​បានព្យាយាម​ភៀសខ្លួន​ចេ​ញ​ពី​​តំបន់ដែល​រងការ​​​ឡោមព័ទ្ធនៅ​​អាឡិប​ក្នុងពេល​កងទ័ព​ស៊ីរី​កំពុង​វាយលុក​ទៅមុខ ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម ​ដណ្តើម​ក្រុង​​​អាឡិប​។ កាលពីថ្ងៃអង្គារ​ កងទ័ព​ស៊ីរី​បាន​ទំលាក់​ខិតបណ្ណ​អំពាវនាវ​អោយ​ក្រុមបះបោរ​ និង​ជន​ស៊ីវិល​ចាកចេញ​ពី​ក្រុងអាឡិប។

កងទ័ព​ស៊ីរី​បាន​ចោទ​ក្រុមឧទ្ទាម​ថា ព្យាយាម​ទប់ស្កាត់​មិនអោយ​ជនស៊ីវិល​២សែន៥ម៉ឺននាក់​ ចេញ​ពី​អាឡិប​ ដើម្បី​ទុក​ពួកគេ​ធ្វើជា​ខែលការពារ។ ​​១សប្តាហ៍​មកនេះ​ ​នៅ​ភាគខាងកើត​​អាឡិប ជនស៊ីវិល​​ជិត​១៥០នាក់​បានស្លាប់ ក្រោម​ការទំលាក់​គ្រាប់បែក​ និង​គ្រាប់កាំភ្លើងរបស់​កងទ័ព​ស៊ីរី។ អង្គការ​Save The Children បានបរិហារ​គ្រប់ភាគី​​ប្រយុទ្ធ​ទាំងអស់​​ ចំពោះ​ការ​ស្លាប់​មនុស្ស​សន្ធឹកសន្ធាប់​​នៅ​ស៊ីរី។ ​រហូតពេលនេះ ​សហគមន៍​អន្តរជាតិ​​គ្មាន​ប្រសិទ្ធភាព​ដោះស្រាយ​​​សង្គ្រាម​និងសោកនាដកម្ម​មនុស្សធម៌​ស៊ីរី​ទាល់តែសោះ។
​​
នៅ​ដើមខែ​ធ្នូ​ឆាប់ៗ​នេះ បារាំង​បើក​កិច្ចប្រជុំ​​​​​​បណ្តា​ប្រទេស​អារ៉ាប់ ​និង​​ប្រទេស​លោកខាងលិច​ដែល​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី និន្នាការ​កណ្តាល​និយម។ បារាំង​បន្ត​គាំទ្រ​អោយ​អង្គការ​សហ​ប្រជាជាតិ​​ចេញ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ស៊ីរី​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី។

ដោយឡែក ​កាលពី​ថ្ងៃអង្គារ​ ​​សារព័ត៌មាន​រ៉យតឺ Reuters បាន​ចុះផ្សាយ​ថា​ កប៉ាល់​​រុស្ស៊ី​ជាច្រើនគ្រឿង​​បាន​ឆ្លងកាត់​​តាម​កំពង់​ផែChypres និង​ក្រិក ដើម្បី​​​​​​ដឹកប្រេងកេរ៉ូសែន ​ទៅ​អោយ​​​ស៊ីរី។ ទង្វើ​នេះ​ជា​ការ​បំពាន​លើ​ទណ្ឌកម្ម​អឺរ៉ុប ដែល​បាន​ហាមឃាត់​ការ​ដឹកប្រេង​ប្រភេទ​​នេះ កាត់តាម​អឺរ៉ុប ​ទៅអោយ​ស៊ីរី។ ក្រសួងការបរទេស​Chypres បាន​លើកឡើង​ថា មិន​បាន​អនុញ្ញាត​អោយ​កប៉ាល់​រុស្ស៊ី​ណាមួយ​ចូល​ក្នុង​កំពង់ផែ​ខ្លួនទេ។ រីឯ​ក្រិកក​វិញ បាន​សួរបញ្ហា​នេះ​ ​ទៅ​ខាង​ផ្នែក​ជើងទឹក​ជាតិខ្លួន។

ថ្ងៃពុធ​ម្សិលមិញ ស្ត្រី​​​តំណាងរាស្ត្រ​ប្រទេស​ហូឡង់​មួយរូប​​បានចោទសួរ​បញ្ហា​នេះទៅ​តំណាង​ការទូត​អឺរ៉ុប និង​សុំអោយ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​កប៉ាល់​រុស្ស៊ី៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ