ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
មជ្ឈិមបូព៌ា

អតីតនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ​ជាប់គុក​១៨​ខែ​ពី​បទ​ស៊ី​សំណូក

media  
លោក អុលមែរ ធ្វើសន្និសីទ​កាសែត​បន្ទាប់​ពី​បានទទួល​សាលដីកា​តុលាការ​កំពូល​កាត់​ទោស ឲ្យ​ជាប់​គុក​១៨ខែ REUTERS

តុលាការ​កំពូល​អ៊ីស្រាអែល ​បាន​សម្រេច​ផ្តន្ទាទោស ​លោក ​អេហ៊ូដ អុលមែរ ​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨​ខែ ​ ពី​បទ​ទទួល​សំណូក​សូកប៉ាន់ ​ក្នុង​ករណី​គម្រោង​សាងសង់​អាគារ​អចលនទ្រព្យ​ដ៏​ធំ​មួយ ​នៅ​ទីក្រុង​ហ្សេរូសាឡឹម។ នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​អ៊ីស្រាអែល ​ ដែល​អតីត​មេដឹកនាំ​ប្រទេស​ម្នាក់​ ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ពី​បទ​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

លោក​ អេហ៊ូដ អុលមែរ​ ក្នុង​វ័យ​៦៩​ឆ្នាំ ​ក្នុង​សំលៀក​បំពាក់​យ៉ាង​ហឺហា ​តម្លៃ​ថ្លៃ​កប់​ពពក ​បាន​ចេញ​ពីតុលាការ ​ក្នុង​ទឹក​មុខ​ញញឹម ​ដោយសារ​តុលាការ​កំពូល​អ៊ីស្រាអែល ​បាន​កាត់​បន្ថយ​ទោស​របស់​លោក​ មក​ត្រឹម​តែ​១៨​ខែ។ កាលពី​មុន​តុលាការ​ដំបូង​អ៊ីស្រាអែល ​បាន​ផ្តន្ទាទោស​លោក​អតីនាយករដ្ឋ​មន្ត្រី​រូប​នេះ ​ ឲ្យ​ជាប់​គុក​ ៦ឆ្នាំ ​ដោយ​ឈរ​លើ​បទ​ចោទ​ប្រកាន់​ពីរ។

 

បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ ​គឺ​សុទ្ធសឹង​តែ​ជា​ករណី​ទទួល​ប្រាក់​សំណូក​ក្រោម​តុ ​ដែល​ទីមួយ​មាន​ទឹក​ប្រាក់​ចំនួន​ ៥សែន​ស្ហែគែល ​គឺ​ស្មើ​នឹង​ជាង​១១ម៉ឺន​អឺរ៉ូ​ និង​ទីពីរ​ មាន​ទឹក​ប្រាក់​ចំនួន​ ៦ម៉ឺន​ស្ហែគែល ​ស្មើ​នឹង​ជាង​១៤០០០​អឺរ៉ូ។ បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​ គឺ​ទាក់ទិន​នឹង​ករណី​ស៊ី​សំណូក ​ក្នុង​ការ​សុំច្បាប់​អនុញ្ញាត​សាង​សង់​អាគារ​អចនទ្រព្យ​ដ៏​ធំ​មួយ​ នៅ​ក្រុង​ហ្សេរូសាឡឹម ​កាល​ពី​ចុង​ទសវត្សទី​៩០​ ដែល​កាល​នោះ ​លោក​អេហ៊ូដ អុលមែរ ​ធ្វើ​ជា​អភិបាល​ក្រុង​នេះ។

 

តុលាការ​កំពូល​បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទីមួយ ​ ហើយ​បាន​រក្សា​ទុក​តែ​បទ​ចោទ​ប្រកាន់​ទីពីរ​ ដែល​ធ្វើ​ឲ្យ​ទោស​ជាប់​ពន្ធនាគារ ​នៅ​សល់​ត្រឹម​តែ​១៨​ខែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏ដោយ​ ​នេះជា​លើក​ទីមួយ​ហើយ ​ ដែល​អតីត​មេដឹកនាំ​ម្នាក់ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក ​ស្តី​ពី​បទ​ពុក​រលួយ​ ​នៅ​អ៊ីស្រាអែល។ លោក​ អេហ៊ូដ អុលមែរ ​នឹង​ត្រូវ​ប្រគល់​ខ្លួន​ ដើរ​ចូល​គុក​នៅ​ថ្ងៃ​ទី​​១៥​ ខែ​ កុម្ភៈ​ ខាង​មុខ​នេះ​ហើយ។

 

សូម​បញ្ជាក់​ថា ​លោក អេហ៊ូដ អុលមែរ ​ធ្លាប់​ធ្វើ​ជា​អភិបាល​ក្រុង​ហ្សេរូសាឡឹម​ មុន​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​រវាង​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០០៩។ នៅ​ឆ្នាំ​២០១០​ សំណុំ​រឿង​ពុក​រលួយ​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តុលាការ ​ដោយ​ក្នុង​នោះ​មាន​មនុស្ស​១៥​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ។ ថៅកែ​ក្រុម​ហ៊ុន​សំណង់​ដ៏ធំ ​ជន​ជាតិ​អអាមេរិក​ម្នាក់ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​បាន​ចាយ​លុយ​ក្រោមតុ ​រាប់សែន​ដុល្លារ ​ដើម្បី​បាន​ច្បាប់​សាងសង់​អាគារ​ផ្ទះ​ធំៗ ​នៅ​ក្រុង​ហ្សេរូសាឡឹម។ រឿង​អាស្រូវ​នេះ​ បាន​បង្ខំ​ឲ្យ​លោក ​អេហ៊ូដ អុលមែរ​ បោះបង់​ចោល​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទីពីរ។ លោក ​អេហ៊ូដ អុលមែរ​នេះ ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ចូលចិត្ត​សប្បាយ​ហឺហា ​ប្រើប្រាស់​របស់​ថ្លៃៗ ​ ជក់​ស៊ីហ្គា ​និង​ជប់​លៀង​ផឹកស៊ី ​ ចំនាយ​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់។ ​បើទោះ​ជាលោក ​ប្រកែក​ថា​មិន​ដែល​បាន​ធ្លាប់​ទទួល​សំណូក ​ ក៏​គ្មាន​នរណា​ជឿដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ