អានតួអត្ថបទ
អ៊ីរ៉ាក់

អស់​ពី​ប្រហារ​ជីវិត​មនុស្ស ក្រុមជីហាត​​​វាយ​បំផ្លាញ​វត្ថុបុរាណ​ដែល​មាន​អាយុ រាប់ពាន់​ឆ្នាំ

នៅប្រទេស​អ៊ីរ៉ាក់ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​បាន​បង្ហោះ​រូបភាព​គួរឲ្យ​រន្ធត់​មួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៦ កុម្ភៈ។ លើកនេះ​មិនមែន​ចំណាប់ខ្មាំង​បរទេស​ទេ ដែល​ត្រូវ​ប្រហារ​ជីវិត ប៉ុន្តែ គឺ​បដិមាករ និង​វត្ថុបុរាណ​ជាច្រើន ដែល​កសាង​ឡើង មុន​គ្រឹស្តសករាជ ដែលត្រូវ​​ពួកជីហាត​វាយបំផ្លាញ​កម្ទេច ជា​ផេះផង់។ នៅថ្ងៃផ្សព្វផ្សាយ​វីដេអូ​របស់​ក្រុមជីហាត នាយិការ​របស់​អង្គការ​យូនេស្កូ បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​ជា​បន្ទាន់ ដើម្បី ដោះស្រាយ​វិបត្តិ។ 

វីដេអូ​ផ្សព្វផ្សាយ​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​បង្ហាញថា ពួក​ជីហាត​វាយបំផ្លាញ​វត្ថុបុរាណ​ដែល​តាំង​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង​ម៉ូស៊ូល​របស់​ប្រទេស​អ៊ីរ៉ាក់
វីដេអូ​ផ្សព្វផ្សាយ​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​បង្ហាញថា ពួក​ជីហាត​វាយបំផ្លាញ​វត្ថុបុរាណ​ដែល​តាំង​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង​ម៉ូស៊ូល​របស់​ប្រទេស​អ៊ីរ៉ាក់ capture d'écran
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​សាហាវ​ឃោឃៅ​របស់​ក្រុមជីហាត​គ្មាន​ដែនកំណត់។ បន្ទាប់ពី​បង្ហោះ​វីដេអូ ដែល​បង្ហាញ​ពី​ការប្រហារ​ជីវិត​យ៉ាង​ព្រៃផ្សៃ ទៅលើ​ចំណាប់ខ្មាំង និង​អ្នកទោស​សង្រ្គាម​របស់​ខ្លួន ក្រុមជីហាត បាន​បង្ហាញ​ផ្សព្វផ្សាយ ​ជាលើកទីមួយរ ការបំផ្លាញ​វត្ថុបុរាណ​របស់​ទីក្រុង​ម៉ូស៊ូល។ លោកស្រី Irina Bokova នាយិការ​អង្គការ​យូនេស្កូ​បាន​និយាយ​ថា ការបំផ្លាញ​វត្ថុបុរាណ នៅសារមន្ទី ម៉ូស៊ូល មិនត្រឹម​តែ​ជា​សោកនាដកម្ម​ដ៏ធំធេង​មួយ​សម្រាប់​វប្បធម៌ ប៉ុន្តែ វា​ស្តែង​ផងដែរ​ពី​ចំណោទ​សន្តិសុខ ដែលនៅក្នុង​នោះ​មាន​ផងដែរ និកាយនិយម អំពើហិង្សា​ជ្រុលនិយម និង​ជម្លោះ ដែលកំពុង​កើតមាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នាយិការ​របស់​យូនេស្កូ បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​ជា​បន្ទាន់ ព្រោះថា សកម្មភាព​បំផ្លាញ​វត្ថុបុរាណ​ពីសំណាក់​ពួកជីហាត​កំពុង​ដើរផ្ទុយ​នឹង​សេចក្តី​សម្រេច​ លេខ ២១៩៩ ដែល​ក្រុមប្រឹក្សា​សន្តិសុខ បាន​បោះឆ្នោត​អនុម័ត នៅ​ដើម​ខែកុម្ភៈ។ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ចេញ​សេចក្តី​សម្រេច​មួយ ដើម្បី ទប់ស្កាត់​ប្រាក់​ចំណូល​របស់​​ពួកជីហាត ​ដែល​​បាន​ពី​ការលក់​វត្ថុ​បុរាណ ដែល​លួច​ពី​អ៊ីរ៉ាក់ និង​ស៊ីរី។

 

តាម​នាយិការ របស់​អង្គការ​យូនេស្កូ បដិមាករ​មួយចំនួន​ដែល​ពួកជីហាត​វាយបំផ្លាញ មាន​ប្រភព​មកពី​ស្ថានីយ៍​បុរាណ Hatra​របស់​អ៊ីរ៉ាក់ ដែល​ត្រូវ​អង្គការ​យូនេស្កូ​បាន​ចាត់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ដោយ​មូលហេតុ​នេះហើយ ទើប នៅថ្ងៃ​ព្រហស្បតិ៍ យូនេស្កូ បាន​ស្នើសុំ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហប្រជាជាតិ​បើកការប្រជុំ​ជា​បន្ទាន់ ដើម្បី​ធ្វើយ៉ាងម៉េច​អាច​ការពារ​វត្ថុបុរាណ​អ៊ីរ៉ាក់ ពីការបំផ្លាញ​របស់​ក្រុមជីហាត​តទៅទៀត។ ត្រូវដឹងថា ក្រុមជីហាត​ចូលកាន់កាប់​ទីក្រុង​ម៉ូស៊ូល​តាំង​ពី​ខែ​មិថុនា ឆ្នាំមុន។ អ្នកជំនាញ​វាយតម្លៃថា មាន​ស្ថានីយ៍​បុរាណ​របស់​អ៊ីរ៉ាក់ ប្រមាណ ១៨០០​កន្លែង ក្នុង​ចំណោម ១ម៉ឺន ២ពាន់ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ស្ថិត​នៅ​ក្នុង​តំបន់​ដែលកំពុង​​កាន់កាប់ ដោយ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។

ទាំង​អ្នកបុរាណវិទ្យា អ៊ីរ៉ាក់ និង​អន្តរជាតិ ចាត់ទុក​សកម្មភាព​របស់ពួកជីហាត ថា ជា​អំពើ​ព្រៃផ្សៃ ព្រោះ​ក្រុមនេះ​បាន​បំផ្លាញ​ខ្ទេច​វត្ថុមាន​តម្លៃ ដែល​ឆ្លុះបញ្ចាំង​ពី​អរិយធម៌​របស់​ក្រុង​ម៉ូស៊ូល។ តាម​ក្រុមអ្នកជំនាញ​ពួកជីហាត​កំពុង​ធ្វើ​សកម្មភាព​ដូចពួកតាលីបង់ ដែល​បាន បាញ់ និង​បំផ្ទុះ​រូប​បដិមារ​ព្រះពុទ្ធ ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០០១។ ហើយ​នៅក្នុង​ចំណោម​ វត្ថុបុរាណ​នានា​ដែល​ពួកជីហាត​វាយ ខួង បំផ្លាញ នៅ​សារមន្ទីរ ក្នុង​ក្រុង​ម៉ូស៊ូល មាន​តាំង​ពី​ បដិមាករ រូបចម្លាក់ មាន​តម្លៃ​មហាសាល ដែល​កសាង​ឡើង តាំង​ពី​សតវត្សរ៍​ទី ៧ មុន​គ្រឹស្តសករាជ​ម្ល៉េះ។ វត្ថុបុរាណ​ភាគច្រើន កសាង​ឡើង​នៅសម័យ​Assyriens គឺ​មុន​កំណើត​សាសនា​អ៊ីស្លាម​ទៅទៀត។ នេះ​មិនមែន​ជា​លើកទីមួយទេ ដែល​ពួកជីហាត​បំផ្លាញ​វត្ថុដែល​មាន​អាយុ ចំណាស់ រាប់ពាន់​ឆ្នាំ​នោះ។ តាម​ទូរទស្សន៍​អង់គ្លេស BBC ក្រុមជីហាត​បាន​ដុត​សៀវភៅ​បុរាណ​អ៊ីរ៉ាក់ ប្រមាណ ៨ពាន់​ក្បាល​របស់​បណ្ណាល័យ នៅទីក្រុង​ម៉ូស៊ូល​នេះដែរ។

ព្រះជាអ្នកបញ្ជា​ឲ្យ​យើង​វាយបំផ្លាញ​រូបបដិមាករ
នៅក្នុង​វីដេអូ ដែល​មាន​រយៈពេល​៥​នាទី ជនប្រដាប់​អាវុធ​របស់​ជីហាត បាន​និយាយការពារ​សកម្មភាព​វាយបំផ្លាញ​របស់ខ្លួន ថា ធ្វើ​ឡើង ដើម្បី​បុព្វហេតុ​សាសនា។ គឺ​ព្រះ​ដែល​បញ្ជា​ឲ្យ​ពួកគេ​បំផ្លាញ​វត្ថុបុរាណ។ ជីហាត​ម្នាក់​និយាយ​នៅមុខ​កាម៉េរ៉ាថា “អ្នកកាន់​សាសនា​អ៊ីស្លាម​ទាំងឡាយ រូបចម្លាក់​ដែល​នៅពីក្រោយ​ខ្ញុំ​នេះ ធ្លាប់​ត្រូវ​បាន​មនុស្ស​ជំនាន់​ដើម​គោរព។ ពួកគេ​គោរព​រូបបដិមាករ​ទាំងនេះ ប៉ុន្តែ មិន​គោរព​ព្រះអាឡាទេ”។ ក្នុង​វីដេអូ​មួយទៀត គេឃើញ​ផងដែរ ក្រុមជីហាត បាន​បំផ្លាញ​បដិមាករ រូប គោ ជើង​៥ ជើង នៅ​ក្នុង​ស្ថានីយ៍​បុរាណ មួយ ដែល​ស្ថិតនៅ​មាត់ច្រក ចូល​ទីក្រុង​ម៉ូស៊ូល។ រូបគោ​ជើង​៥នេះ ជា​និមិត្តរូប​សំខាន់ និង​ត្រូវ​គេ​យក​ទៅ​បោះពុម្ព​លើក្រដាស​លុយ​​របស់​អ៊ីរ៉ាក់។

តាម​ប្រធាន​សារមន្ទីរជាតិ​អ៊ីរ៉ាក់ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ អាមេរិកCNN ការស្អប់ ប្រឆាំង​នឹង​វត្ថុបុរាណ របស់​ពួកជីហាត គ្មាន​លក្ខណៈ​មនោគមវិជ្ជា​ទាល់តែសោះ។ កន្លងមក ក្រៅតែ​ប្រេង ពួកជីហាត​នេះ​ធ្លាប់​រកលុយ​បានច្រើន ពី​ការលក់​វត្ថុបុរាណ របស់​តំបន់​ដែល​ខ្លួន​វាយចូលកាន់កាប់បាន ទៅ​ទីផ្សារ​ងងឹត។ តាម​ប្រជាជន​ដែលធ្លាប់រស់នៅក្នុង​តំបន់​កាន់កាប់​ដោយ​ពួកជីហាត នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​ថែម​ទាំង​បាន​បើកដៃ​ឲ្យ​ប្រជាជន​ជីកកកាយ រក​វត្ថុបុរាណ យក​ទៅលក់​ក្នុង​ទីផ្សារ​ងងឹត និង​ចែក​ភាគរយ​គ្នា នៅពេល​លក់បាន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ