អានតួអត្ថបទ
សហរដ្ឋអាមេរិក-យេម៉ែន

អាមេរិក​ដឹង​ថា​អ៊ីរ៉ង់​លួច​ផ្តល់​ជំនួយ​ដល់​ក្រុម​ឧទ្ទាម​ហ៊ូទី ​នៅ​យេម៉ែន

លោក​ចន ឃែរី ​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ តាម​ទូរទស្សន៍ ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទាក់ទិន​ទៅ​នឹង​ វិបត្តិ​នៅ​យេម៉ែន ​ដែល​កំពុង​តែ​ក្តៅ​គគុក។ លោក​ថា ​អាមេរិក ​បាន​ដឹង​យ៉ាង​ច្បាស់ ​​ថា​អ៊ីរ៉ង់​ កំពុង​តែ​បញ្ជូន​ជំនួយ​ទៅ​ជួយ​ក្រុម​ឧទ្ទាម​ហ៊ូទី។ លោក​អះអាង​ថា ​គោល​ជំហរ​របស់​អាមេរិក ​គឺ​មិន​ចង់​ប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​ទេ ​​ប៉ុន្តែ​អាមេរិក​មិន​អាច​បោះបង់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ដែល​មាន​អារ៉ាប៊ីសាអ៊ូឌីត​ជា​អ្នក​ដឹក​នាំ​ដែរ។ លោក​ថា ​អាមេរិក​ត្រូវតែ​ជួយ​ក្រុម​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ធ្វើ​ការ​វាយ​បំបែក​ពួក​ឧទ្ទាម​ហ៊ូទី ​នៅ​យេម៉ែន។

ប្រជាជន​យេម៉ែន​ កំពុងបញ្ចុះសព​សាច់ញាតិ​ក្រុមគ្រួសារ​ ដែលរង​គ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែក​របស់សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអ៊ូឌីត
ប្រជាជន​យេម៉ែន​ កំពុងបញ្ចុះសព​សាច់ញាតិ​ក្រុមគ្រួសារ​ ដែលរង​គ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែក​របស់សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអ៊ូឌីត Reuters
ផ្សាយពាណិជ្ជកម្ម

លោក ​ចន ឃែរី ​បាន​មាន​ប្រសាសន៍​ថា ​អាមេរិក​ដឹង​យ៉ាង​ច្បាស់ ​អំពី​គោល​ជំហរ​របស់​អ៊ីរ៉ង់​ ទាក់ទិន​នឹង​វិបត្តិ​នៅ​យេម៉ែន។ លោក​ថា ​អាមេរិក​មាន​ភស្តុតាង​បញ្ជាក់​ថា​ ជា​រៀង​រាល់​ថ្ងៃ ​អ៊ីរ៉ង់​បាន​បញ្ជូន​យន្តហោះ​ទៅ​យេម៉ែន។ ក្នុង​យន្តហោះ​នោះ​ គ្មាន​អ្វី​ក្រៅ​ពី​ជំនួយ​សម្ភារៈ​ ដែល​អ៊ីរ៉ង់ ​យក​ទៅ​ជួយ​ក្រុម​ឧទ្ទាម​ហ៊ូទី ដែល​កំពុង​តែ​ធ្វើ​ការ​វាយលុក ​យ៉ាង​សកម្ម​ ​លើ​ក្រុម​កម្លាំង​រដ្ឋាភិបាល​យេម៉ែន។

 
លោក ​បាន​បញ្ជាក់​ថា ​ការ​ដែល​អាមេរិក ​សុខចិត្ត​ជួយ​ខាង​សម្ព័ន្ធមិត្ត​អារ៉ាប់ ​ដែល​មានអារ៉ាប៊ីសាអ៊ូឌីត ​ជា​មេក្រុម​ មិនមែន​មាន​ន័យ​ថា ​អាមេរិក ​ប្រកាស​សត្រូវ​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ។ ប៉ុន្តែ ​យ៉ាង​ណា​ក៏​ដោយ ​អាមេរិក​មិន​អាច​ព្រងើយ​កន្តើយ ​ចំពោះ​សំណើរ​សុំ​ជំនួយ​ របស់​ប្រទេស​អារ៉ាប់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ នោះ​ដែរ។ លោក​ថា ​មួយ​វិញ​ទៀត ​វា​ជា​កាតព្វកិច្ច​ របស់​អាមេរិក ​ដែល​ត្រូវ​ជួយ​រដ្ឋាភិបាល ​និង​ប្រជាជន​យេម៉ែន​ ដែល​កំពុង​តែ​រងគ្រោះ​ ដោយសារ​ការ​វាយ​លុក​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី។

សូម​បញ្ជាក់​ថា ​ក្រុម​ប្រទេស​អារ៉ាប់​និកាយ​ស៊ុនីត ​ដែល​មាន​អារ៉ាប៊ីសាអ៊ូឌីត​ ជា​មេ​ដឹក​នាំ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ ​ទំលាក់​គ្រាប់​បែក​ ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី ​នៅ​យេមែន ​កាល​ពី​ថ្ងៃ​ទី ​២៦​ មីនា។ ក្រុម​ឧទ្ទាម​ហ៊ូទី​ ដែល​កំពុង​តែ​វាយ​យក​ទីក្រុង​ធំៗ ​ពី​ដៃ​របស់​ក្រុម​រដ្ឋាភិបាល​យេម៉ែន ​ជា​ក្រុម​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​ដូច​គ្នា​នឹង​អ៊ីរ៉ង់​ដែរ។ ទាហាន​អាមេរិក ​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ ​ព្រម​ទាំង​ផ្តល់​ព័ត៌មាន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទំលាក់​គ្រាប់​បែក ​ប៉ុន្តែ​អាមេរិក​ មិន​ចូល​រួម​ទម្លាក់​គ្រាប់បែក​ ដោយ​ផ្ទាល់​ទេ។

ដោយឡែក​អ៊ីរ៉ង់​ កំពុង​តែ​ព្យាយាម​ ស្វែងរក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ការទូត​ ដើម្បី​ជួយ​យេម៉ែន។ គ្រាន់តែ​ដឹង​ថា ​ប៉ាគីស្ថាន ​មាន​គម្រោង​បញ្ជូន​យោធា​មកជួ​យ ​តាម​សំណើរ​សុំ​របស់ ​អារ៉ាប៊ីសាអ៊ូឌីត ​ភ្លាម ​លោក ចាវ៉ាដ ហ្សារីហ្វ ​រដ្ឋមន្ត្រី​ការបទេស​អ៊ីរ៉ង់ ​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ាគីស្ថាន ​ដើម្បី​បញ្ចុះ​បញ្ចូល កុំឲ្យ​ប៉ាគីស្ថាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ។ រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ថា ​វិបត្តិ​នៅ​យេម៉ែន ​ត្រូវតែ​ដោះស្រាយ​តាម​ផ្លូវ​ការទូត​ ​តាម​រយៈ​ការ​ចូល​តុ​ចរចា ​មិនមែន​តាម​រយៈ​ការ​យក​គ្រាប់បែក​ ទៅ​ទម្លាក់​នោះ​ទេ។

ទន្ទឹម​គ្នា​នេះ​ដែរ ​នាវា​ដឹក​ជំនួយ​ជា​សម្ភារៈ​សង្គ្រោះ​ និង​ថ្នាំ​ពេទ្យ​ បាន​ដឹក​ទៅ​ដល់​កំពង់ផែ​ក្រុង​អាឌែន​ហើយ ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ជំនួយ​ ដ៏​ស្តួចស្តើង​បំផុត ​ដែល​ទើប​ទៅ​ដល់​យេម៉ែន ​ដែល​កំពុង​តែ​ត្រូវការ​ជា​ចាំបាច់ ​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់។ តាម​ការ​រាយការណ៍​ ប្រជាជន​មិន​អាច​ចេញ​ទៅ​ណា​បាន​ទាំង​អស់ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ របស់​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​អ្នក​របួស​ជា​ច្រើន​ពាន់​នាក់ ​កំពុង​តែ​ប្រឈមមុខ​នឹង​ការ​ស្លាប់ ​ដោយសារ​គ្មាន​គ្រូពេទ្យ​ និង​ថ្នាំ​សង្កូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ