អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-យេម៉ែន

អារ៉ាប៊ីសាអូឌីត​បាន​រួច​ផុត​ពី​គ្រាប់មីស៊ីល​បាញ់​ដោយ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន

ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី៦ មិថុនា​នេះ​ថា ខ្លួន​បាន​ស្ទាក់​បាញ់​កម្ទេច​ទាន់​ពេល​នូវ​គ្រាប់មីស៊ីល​ស្គុដ (Scud) ដែល​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​បាន​បាញ់​ផ្លោង​សំដៅ​ទឹកដី​អារ៉ាប៊ីសាអូឌីត។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ដឹកនំា​សម្ព័ន្ធមិត្ត​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន និង​ចំ​ពេល​ដែល​ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​យល់ព្រម​ចូល​អង្គុយ​តុចរចា​ជាមួយ​រដ្ឋាភិបាល​យេម៉ែន​​នា​ពេល​ខាង​មុខ។ កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​យេម៉ែន​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

អារ៉ាប៊ីសាអូឌីតបានរួចផុតពីគ្រាប់មីស៊ីលបាញ់ដោយពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែន
អារ៉ាប៊ីសាអូឌីតបានរួចផុតពីគ្រាប់មីស៊ីលបាញ់ដោយពួកឧទ្ទាមហ៊ូទី្សក្នុងប្រទេសយេម៉ែន REUTERS
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​របស់​អារ៉ាប៊ីសាអូឌីត​ឈ្មោះ SPA ដែល​បាន​ដកស្រង់​ចេញ​ពី​សេចក្តីជូនដំណឹង​របស់​អគ្គបញ្ជាការដ្ឋាន​កម្លំាង​សម្ព័ន្ធមិត្ត​អារ៉ាប់។ សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ទ័ពអាកាស​​អារ៉ាប៊ីសាអូឌីត​បាន​ស្ទាក់បាញ់​ទាន់​ពេល​នូវ​គ្រាប់មីស៊ីល​ស្គុដ (Scud) ដែល​ពួកឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​បាន​បាញ់​ចេញ​ពី​ប៉ែកខាងជើង​យេម៉ែន​តម្រង់​ទឹកដី​អារ៉ាប៊ីសាអូឌីត​ប៉ែក​និរតី​ក្នុង​ស្រុក Khamis Mushait។ សេចក្តី​ជូនដំណឹង​ដដែល​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ តែ​គ្រាន់​អះអាង​ថា ទ័ពអាកាស​អារ៉ាប៊ីសាអូឌីត​បាន​ប្រើ​គ្រាប់មីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដើម្បី​បុក​កម្ទេច​គ្រាប់មីស៊ីលស្គុដ (Scud) របស់​ពួកឧទ្ទាម។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនំា​កម្លំាង​សម្ព័ន្ធមិត្ត​វាយប្រហារ​លើ​ពួកឧទ្ទាម​ហ៊ូទី្ស និង​កម្លំាងប្រដាប់អាវុធ​ស្មោះស្ម័គ្រ​នឹង​លោក​អតីតប្រធានាធិបតី​យេម៉ែន​សាឡេ​មក នេះ​ជា​លើក​ទី១ ដែល​ពួក​ឧទ្ទាម​បាន​ប្រើ​គ្រាប់មីស៊ីល​ស្គុដ (Scud) បាញ់​តម្រង់​ទឹកដី​អារ៉ាប៊ីសាអូឌីត។ តែ​ទង្វើ​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​ទ័ពអារ៉ាប៊ីសាអូឌីត​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​រុញច្រាន​កម្លំាង​ពួកឧទ្ទាម​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្លួន។ ប្រតិបត្តិការ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អារ៉ាប៊ីសាអូឌីត ៤នាក់ និង​ប្រមាណ​ជា ១០នាក់​នៅ​ខាង​ពួក​ឧទ្ទាម។

អ្វី​ជា​ការ​កត់សម្គាល់ ភាព​តានតឹង​ផ្លូវយោធា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អារ៉ាប៊ីសាអូឌីត​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ចលនា​ឧទ្ទាម​ហ៊ូទី្ស​បាន​យល់​ព្រម​ចូល​អង្គុយ​តុចរចា​ជាមួយ​រដ្ឋាភិបាល​យេម៉ែន​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៤ មិថុនា​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ គោលដៅ​នៃ​កិច្ចចរចា គឺ​ស្វែង​រក​បទឈប់បាញ់​ផ្ទៃក្នុង និង​ផែនការ​ដក​កម្លំាង​ឧទ្ទាម​ចេញ​ពី​តំបន់​ដែល​ពួក​គេ​បាន​ចូលកាន់កាប់ ព្រម​ទំាង​បើក​ផ្លូវ​បន្ថែម​សម្រាប់​នំា​ជំនួយ​មនុស្សធម៌​ឲ្យ​ជនគ្រោះ។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​អារ៉ាប៊ីសាអូឌីត​បាន​បើក​ការ​វាយប្រហារ​លើ​ពួក​ឧទ្ទាមហ៊ូទី្ស​ក្នុង​ថ្ងៃទី២៦ មីនា​មក មាន​មនុស្ស​ស្លាប់​ជិត ២ ០០០នាក់ និង​ជាង​កន្លះលាននាក់​បាន​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ